1 Timothy 2

1ដូច្នេះខ្ញុំ​សូម​ដាស់តឿនជាដំបូងថា​ចូរ​ទូលសុំអធិស្ឋាន​ហើយ​ទូលអង្វរ​ព្រមទាំង​អរព្រះគុណសម្រាប់មនុស្សទាំងអស់ 2គឺទាំង​សម្រាប់ស្ដេចនិង​អ្នក​កាន់អំណាចគ្រប់គ្នា​ផង​ដើម្បីឲ្យ​យើង​រស់នៅ​បាន​សុខសាន្ដហើយស្ងប់ស្ងាត់ដោយគោរព​កោត​ខ្លាច​ព្រះជាម្ចាស់និង​ដោយ​ថ្លៃថ្នូរគ្រប់យ៉ាង 3ដ្បិតនេះ​ជា​ការល្អហើយសព្វព្រះហឫទ័យព្រះជាម្ចាស់ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 4ដែលព្រះអង្គ​ចង់​ឲ្យ​មនុស្សទាំងអស់​ទទួល​បាន​សេចក្ដីសង្គ្រោះនិងស្គាល់សេចក្ដីពិត 5ដ្បិតមាន​ព្រះជាម្ចាស់តែមួយហើយ​មាន​អ្នក​សម្រុះ​សម្រួលតែមួយ​រវាង​ព្រះជាម្ចាស់និងមនុស្ស​គឺ​ព្រះ​គ្រិស្ដយេស៊ូ​ដែល​ជា​មនុស្ស 6ព្រះអង្គបាន​ប្រគល់អង្គទ្រង់​ទុក​ជា​ថ្លៃលោះសម្រាប់​មនុស្ស​ទាំងអស់​គឺ​ជា​សេចក្ដី​បន្ទាល់​ដែល​ប្រទាន​មក​នៅ​ពេលកំណត់ 7ព្រះអង្គបាន​តែងតាំងខ្ញុំ​ជា​អ្នកប្រកាសនិងជាសាវកសម្រាប់​សេចក្ដី​បន្ទាល់​នោះ​គឺ​ជា​គ្រូបង្រៀនសាសន៍ដទៃអំពីជំនឿនិងសេចក្ដីពិត។ ​ខ្ញុំ​និយាយពិតឥតកុហកទេ 8ដូច្នេះខ្ញុំ​ចង់ឲ្យប្រុសៗអធិស្ឋាន​ទាំង​លើកដៃបរិសុទ្ធឡើងនៅគ្រប់ទីកន្លែងដោយ​គ្មាន​កំហឹងប្រកែកគ្នាឡើយ 9រីឯស្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ​ត្រូវ​តុបតែងខ្លួនដោយសម្លៀកបំពាក់សមរម្យសុភាពរាបសាមិន​ឆើត​ឆាយ​ហើយ​មិន​មែន​ដោយក្រងសក់​ពាក់​មាស​ពាក់​គជ់សម្លៀកបំពាក់ថ្លៃៗឡើយ 10ផ្ទុយទៅវិញត្រូវ​តុបតែង​ខ្លួន​ដោយអំពើល្អ​ឲ្យ​សម​ជា​ស្រ្ដី​ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់ 11ត្រូវឲ្យ​ស្រីៗរៀន​ដោយ​ស្ងៀមស្ងាត់​និង​ចុះចូលទាំងស្រុង 12ខ្ញុំមិនអនុញ្ញាតឲ្យស្រ្ដីណាបង្រៀនមាន​សិទ្ធិ​អំណាច​លើ​បុរសឡើយគឺ​ឲ្យ​នាង​នៅស្ងៀមស្ងាត់វិញ 13ដ្បិតព្រះជាម្ចាស់​បាន​បង្កើត​លោក​អ័ដាមមុនរួចទើប​បង្កើត​នាង​អេវ៉ា 14ហើយមិន​មែន​លោក​អ័ដាមទេ​ដែល​ចាញ់បញ្ឆោតគឺស្រ្ដីទេដែលចាញ់បញ្ឆោត​នោះ​ហើយ​បាន​ប្រព្រឹត្ដ​ល្មើស 15ប៉ុន្ដែបើ​នាង​នៅជាប់ក្នុងជំនឿ​សេចក្ដី​ស្រលាញ់និង​សេចក្ដី​បរិសុទ្ធទាំង​មាន​អត្ដចរិតត្រឹមត្រូវ​នោះ​នាង​នឹង​បាន​សង្គ្រោះ​នៅពេល​ដែល​នាង​សម្រាលកូន
Copyright information for KhmKCB